នារសៀលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ,
ឯកឧត្តម ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណះអភិបាលខេត្តបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនមន្ទីរ-អង្គភាពជុំវិញខេត្ត, ដោយមានការចូលរួមពីប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកបឹង គឹមសឹងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត,លោកប្រធានរតនាគារខេត្ត,លោកអនុប្រធានសាខាពន្ធដារខេត្ត និងលោក លោកស្រីប្រធានមន្ទីរ អង្គភាព ប្រធានការិយាល័យគណនេយ្យ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក និងមន្ត្រីទទួលបន្ទុកគណនេយ្យ។
កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយមានកិច្ចសហការពីរតនាគារខេត្តដើម្បី (១) ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តថវិកាឆ្នាំ២០២៤ និងបង្កើនគណនេយ្យភាពរបស់មន្ទីរ-អង្គភាព តាមរយៈការបញ្រ្ជាបការយល់ដឹងទូលាយ ពីតំណាងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើខ្លឹមសារសំខាន់ៗ នៃសារាចរខាងលើ (២) បង្ហាញជូនទម្រង់របាយការណ៍ថ្មី សម្រាប់ឆ្នាំ២០២៤ ព្រមទាំងកាលបរិច្ឆេទត្រូវផ្ដល់របាយការណ៍ និង (៣) បញ្ជាក់ជូនអំពីការងារដែលនៅសេសសល់សម្រាប់ចាប់ផ្ដើមអនុវត្តថវិកាឆ្នាំ២០២៤ និងការត្រៀមរៀបចំថវិកាឆ្នាំ២០២៥ ដែលនឹងចាប់ផ្ដើមលឿនជាងឆ្នាំកន្លងមក ស្របតាមច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី។